ពេលដែលលោកអ្នកទិញ iPhone ឬ iPad ថ្មី លោកអ្នកចាំបាច់ត្រូវមានគណនី Apple ID ដើម្បីអាចទាញយកកម្មវិធីនានាពី Apple Store បាន ។ កាលពីមុន ការបង្កើតគណនីនេះ អាចចំណាយពេលច្រើនគួរសម ដែលតម្រូវឲ្យលោកអ្នកបញ្ចូលសារអេឡិចត្រូនិចណាមួយ ដែលលោកអ្នកមានស្រាប់ ដូចជា Gmail ឬ Yahoo ហើយត្រូវបញ្ជាក់ (Verify) ពីរ បីដំណាក់កាល ។ ថ្ងៃនេះ សំបុកអាយធី សូមណែនាំគន្លឹះងាយបំផុតមួយ ដែលលោកអ្នកអាចបង្កើតគណនី Apple ID ដែលចំណាយពេលត្រឹមតែ ១នាទីប៉ុណ្ណោះ ដែលមិនតម្រូវឲ្យមានការបញ្ជាក់សាំញាំ ច្រើនដូចកាលមុនទៀតឡើយ ។
តោះ! ចាប់ផ្តើមបង្កើតគណនី Apple ID ថ្មី ដោយចំណាយពេលវេលាតិចបំផុត សូមអនុវត្តន៍តាមជំហានខាងក្រោមនេះ៖
ជំហានដំបូង៖ សូមចូលទៅកាន់ Settings => iCloud ហើយចាប់ផ្តើមបង្កើតគណនីថ្មី ។ ចុចលើ iCloud ឬ Mail, Contacts, Calendars ក៏បាន ។
បើលោកអ្នកមាន Apple ID សម្រាប់ សូមបញ្ចូលឈ្មោះ និងលេខសម្ងាត់ដើម្បី Login ។ តែបើគ្មានលោកអ្នក ត្រូវចុចលើ Get a Free Apple ID ហើយបន្តទៅជំហានបន្ទាប់ ។
សូមបញ្ចូលព័ត៌មានបឋម មួយចំនួនដូចជាថ្ងៃខែឆ្នាំកំណើត និងឈ្មោះដូចខាងក្រោម ។
ជំហានបន្ទាប់៖ សូមចុចលើ Get a free iCloud email address ដើម្បីអាចបង្កើតគណនី iCloud សម្រាប់ប្រើ Apple ID ដោយមិនចាំបាច់បញ្ជាក់ (verify) សារអេឡិចត្រូនិចឡើយ ។
ជំហាននេះ លោកអ្នកត្រូវកំណត់ឈ្មោះគណនី iCloud ក៏ដូចជា Apple ID ដែលនឹងត្រូវយកមកប្រើប្រាស់ ពេលបង្កើតចប់សព្វគ្រប់ ។ លោកអ្នកអាចជ្រើសរើសឈ្មោះណាមួយក៏បាន ដែលមិនទាន់មានអ្នកប្រើប្រាស់ ហើយពេលកំណត់យកឈ្មោះណាហើយ មិនអាចប្តូរឈ្មោះបានទេ មានតែបង្កើតថ្មី ។ សូមបង្កើតឈ្មោះណាដែលងាយចាំ ទាក់ទងនឹងឈ្មោះរបស់អ្នក ឧទាហរណ៍៖ maleap.su@icloud.com, maleap168@icloud.com ដើម្បីការពារការភ្លេចឈ្មោះ Apple ID ជាញឹកញាប់ ។
ការកំណត់លេខសម្ងាត់ ជាចំណុចសំខាន់ ដែលលោកអ្នកចាំបាច់ត្រូវបំពេញតាមលក្ខណៈដែលគេកំណត់ ដូចជាការប្រើប្រាស់លេខសម្ងាត់ដែលមានអក្សរ រួមជាមួយលេខ និងអក្សរតូចធំ (Uppercase, Lowercase) មានចំនួនយ៉ាងតិច ៨ខ្ទង់ ។ ឧទាហរណ៍៖ M@leap.123*FBI, mAl@ap.fbi_123 លោកអ្នកអាចប្រើលេខ 123 បញ្ចូលជាមួយដើម្បីងាយចាំ និងបានចំនួនខ្ទង់ច្រើន តែកុំភ្លេចប្រើសញ្ញា ដូចជា * ឬ . ឬ _ ជាដើម ។
មកដល់ជំហាននេះ លោកអ្នកគួរតែ មានការកត់ត្រាទុក ទាក់ទងនឹងសំណួរសុវត្ថិភាព ដែលលោកអ្នកត្រូវការប្រើប្រាស់ពេលដែលចង់ ប្តូរលេខសម្ងាត់ ។ ក្នុងនោះ មានសំណួរចំនួន ៣ ដែលលោកអ្នកត្រូវជ្រើសរើស និងឆ្លើយតប ។ លោកអ្នកអាចរកសំណួរណាដែលទាក់ទងនឹងឈ្មោះ ឧទាហរណ៍៖ ឆ្លើយសំណួរទី១ ថា Sok ទី២ ថា Sao ជាដើម ។ល។ វាងាយនឹងចាំ តែដើម្បីសុវត្ថិភាព លោកអ្នកគួររើសសំណួរណា ដែលគេមិនងាយស្មានដឹង ក្នុងគោលបំណងការពារអ្នកដទៃ ដែលចង់ Reset លេខសម្ងាត់លោកអ្នក ផងដែរ ។
ដើម្បីការពារការភ្លេចលេខសម្ងាត់ និងសំណួរសុវត្ថិភាពទាំងឡាយ លោកអ្នកអាចប្រើ Rescure Email ជំនួសការឆ្លើយសំណួរទាំងនោះ ។ ពេលលោកអ្នក Reset លេខសម្ងាត់ វានឹងផ្ញើជាតំណភ្ជាប់ទៅកាន់សារអេឡិចនិច (Email) ដែលលោកអ្នកបានបំពេញក្នុងកន្លែង Rescure Email ។
ត្រង់ជំហាននេះ មិនសូវសំខាន់ទេ លោកអ្នកអាចបើក Email Updates ឬមិនបើកក៏បាន ព្រោះថាវាគ្មានជាព័ត៌មានមួួយចំនួន ដែលលោកអ្នកនឹងទទួលបានពី Apple ដូចជាផលិតផល Apple ចេញថ្មីជាដើម ។
លោកអ្នកត្រូវយល់ព្រម (Agree) តាមលក្ខខណ្ឌមួយចំនួន ដែល Apple បានកំណត់ ដោយចុចលើ Agree ដើម្បីបន្តទៅជំហានបញ្ចប់ ។
ជំហានចុងក្រោយ លោកអ្នកប្រហែលជាអាចនឹងត្រូវចុចលើ Merge ប្រសិនបើលោកអ្នកមានគណនីមុនដទៃផ្សេងទៀត ហើយនឹងមានផ្ទាំងមួយមកបញ្ជាក់លោកអ្នកថា តើលោកអ្នកនឹងអនុញ្ញាតឲ្យ iCloud ប្រើប្រាស់ទីតាំងរបស់ iPhone លោកអ្នកដែរឬទេ? ដែលចំណុចនេះវាទាក់ទងនឹង Find My iPhone ដើម្បីអាចដឹងពីទីតាំង iPhone ដែលអ្នកកំពុងប្រើ ឬពេលលោកអ្នកបានជ្រុះបាននៅទីណាមួយ ។
លោកអ្នកអាចបើក ការកំណត់ណាមួយ ដែលលោកអ្នកចង់ប្រើ ឬមិនចង់ប្រើប្រាស់ ដូចជា Safari ដែលលោកអ្នកប្រើក្នុង iPhone ឬ iPad ឬក្នុងកុំព្យូទ័រ នោះវានឹង Sync ទិន្នន័យ ដែលលោកអ្នកបានប្រើប្រាស់ (ដូចជាទំព័រដែលបានបើកក្នុង Mac និងបង្ហាញក្នុង iPhone) ។
ក្រោយពីបានអានអត្ថបទចប់ហើយ លោកអ្នកប្រហែលគិតថា យី! បង្កើតយ៉ាងម៉េច ចំណាយពេល១នាទី? បើច្រើនជំហានយ៉ាងនេះ! សំបុកអាយធី បានសាកល្បងរួចហើយ វាចំណាយពេលជាង ១នាទីបន្តិចប៉ុណ្ណោះ! សូមដាក់មតិ នៅក្នុងប្រអប់ខាងក្រោម ប្រសិនបើលោកអ្នកមានបញ្ហាត្រង់ចំណុចណាមួយ មិនច្បាស់លាស់ ។

No comments:
Post a Comment